Phnom Kravanh Post

ក្រុមបោកប្រាស់ ប្រើ AI ក្លែងធ្វើជាមេដឹកនាំសិង្ហបុរី បោកលុយគេបានជិត ៤លានដុល្លារ

 កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា កន្លងទៅ កងកម្លាំងនគរបាលជាតិសិង្ហបុរី បានប្រកាសថា ខ្លួនប្រមូលបានភស្តុតាងជាវីដេអូឃ្លីប នៃការប្រជុំតាមកម្មវិធី Zoom មួយ ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI (Deepfake) ដើម្បីធ្វើសកម្មភាពបោកប្រាស់ ដោយក្រុមជនខិលខូច បានក្លែងបន្លំធ្វើជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ក្នុងនោះរួមមានទាំងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ផងដែរ។

យោងតាមការផ្សាយរបស់ CNA ក្នុងករណីនេះ មានជនរងគ្រោះម្នាក់ ដែលជាអ្នកជំនួញ បានចាញ់បោកអស់ប្រាក់យ៉ាងហោចណាស់ ៤,៩លានដុល្លារសិង្ហបុរី (ប្រហែល ៣,៨លានដុល្លារអាមេរិក) ក្រោមលេសថាជាការចូលរួមផ្តល់មូលនិធិជំនួយ ពាក់ព័ន្ធនឹងស្ថានភាពនៅច្រកសមុទ្រហ័រមូស។

ល្បិចកលរបស់ក្រុមបោកប្រាស់នេះ គឺដំបូងឡើយ ពួកគេបានផ្ញើសារតាម WhatsApp ទៅកាន់ជនរងគ្រោះ ដោយក្លែងខ្លួនជាលេខាធិការគណៈរដ្ឋមន្ត្រី ដើម្បីអញ្ជើញជនរងគ្រោះឱ្យចូលរួមប្រជុំបន្ទាន់មួយ ជាមួយលោកនាយករដ្ឋមន្ត្រី។ នៅពេលជនរងគ្រោះចុចចូលរួមការប្រជុំតាម Zoom នោះ ពួកគេនឹងឃើញទិដ្ឋភាពថ្នាក់ដឹកនាំធំៗជាច្រើន ដូចជា លោកនាយករដ្ឋមន្ត្រី Lawrence Wong, លោកប្រធានាធិបតី Tharman Shanmugaratnam, មន្ត្រីធំៗនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី រួមទាំងមន្ត្រីការទូតបរទេស និងតំណាងក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិល្បីៗជាច្រើនទៀត ដែលមើលទៅពិតប្រាកដ១០០ភាគរយ។

នៅក្នុងការប្រជុំបោកប្រាស់នោះ ក្រុម AI បានដំណើរការកិច្ចពិភាក្សា និងមានវីដេអូបង្ហាញពីលោកនាយករដ្ឋមន្ត្រីថ្លែងការណ៍បិទអង្គប្រជុំ ដោយថែមទាំង បាននិយាយអរគុណដល់វត្តមានរបស់ជនរងគ្រោះចំឈ្មោះ ទៀតផង។ បន្ទាប់ពីកិច្ចប្រជុំក្លែងក្លាយនោះចប់ ស្រាប់តែមានបក្ខពួកម្នាក់ទៀត ធ្វើពុតជាមេធាវី ទាក់ទងទៅជនរងគ្រោះដាច់ដោយឡែក ដើម្បីបញ្ចុះបញ្ចូលឱ្យវេរលុយរាប់លានដុល្លារ ចូលទៅក្នុងគណនីរបស់ពួកគេ។ ប៉ូលិស បានកត់សម្គាល់ថា ក្រុមបោកប្រាស់នេះ កំពុងដៅមុខសញ្ញាចំៗទៅលើក្រុមអ្នកជំនួញអាជីព ដែលធ្លាប់មានទំនាក់ទំនងការងារជាមួយមន្ត្រីរដ្ឋាភិបាលពីមុនមក។

យ៉ាងណាមិញ ខាងប៉ូលិសសិង្ហបុរី បានពិនិត្យឃើញចំណុចខ្វះខាតរបស់បច្ចេកវិទ្យា Deepfake នៅក្នុងវីដេអូនោះ រួមមាន៖ ទីមួយ ចលនាបបូរមាត់របស់អ្នកនិយាយមិនស៊ីសង្វាក់គ្នានឹងសំឡេង (បន្លំយកសំឡេងមកបញ្ចូលពីលើវីដេអូដែលថតទុកមុន)។ ទីពីរ សំឡេងសន្ទនារបស់មន្ត្រីទាំងអស់ បែរជាផ្សាយចេញពីគណនី (Account) តែមួយរួមគ្នាទៅវិញ។ និងទីបី ទិដ្ឋភាពខាងក្រោយមានភាពខុសប្រក្រតី ព្រមទាំងស្លាកសញ្ញា Zoom ត្រូវរហែកដាច់មិនស្មើគ្នា ដែលបញ្ជាក់ថា វាជាវីដេអូកាត់តដោយ AI៕


Previous Post Next Post