ដ្បិតបច្ចុប្បន្នមានការផ្សព្វផ្សាយ និងជំរុញនូវការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិក្តី ប៉ុន្តែនៅតាមក្រសួង-ស្ថាប័នសាធារណមួយចំនួននៅតែគិតថ្លៃសេវាកម្មនានាជាប្រាក់ដុល្លារអាម៉េរិក។ ជាក់ស្តែង ការធ្វើលិខិតឆ្លងដែនសម្រាប់ប្រជាពលរដ្ឋខ្មែរ គឺជាតម្លៃដុល្លារអាម៉េរិក មិនមែនជាតម្លៃប្រាក់រៀល ដែលជារូបិយវត្ថុជាតិឡើយ។
លិខិតឆ្លងដែននៅកម្ពុជា មានតម្លៃ១០០ដុល្លារសម្រាប់ការចំណាយពេលធ្វើ១៥ថ្ងៃ, ១៥០ដុល្លារសម្រាប់៧ថ្ងៃ និង២០០ដុល្លារ ជាតម្លៃធ្វើក្នុងរយៈពេល១មួយ។
បើតាមលោកស្រី បណ្ឌិត ព្រុំ ទេវី តម្លៃសេវាលិខិតឆ្លងដែននេះ គួរមានសម្រួលជាប្រាក់រៀលដោយមិនត្រូវដាច់ខាតជាដុល្លារអាម៉េរិកដូចសព្វថ្ងៃឡើយ។ លោកស្រី បានបញ្ជាក់ថា ប្រាក់រៀល គឺជារូបិយវត្ថុជាតិ តំណាងឱ្យអធិបតេយ្យភាព បូរណភាពដែនដី អត្តសញ្ញាណ និងជាព្រលឹងជាតិកម្ពុជា។ ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ត្រឹមតែ លើកតម្កើងជាតិប៉ុណ្ណោះទេ ថែមទាំងជួយធ្វើសេដ្ឋកិច្ចជាតិឱ្យរឹងមាំ និងស្ថិរភាពល្អប្រសើរ។
លោកស្រីបណ្ឌិត ព្រុំ ទេវី បានបញ្ជាក់ថា ៖ « កាលណាយើងប្រើប្រាស់ប្រាក់របស់គេ [ ប្រាក់អាម៉េរិក ] ច្រើន គឺយើងខាតបង់ធ្ងន់ធ្ងរណាស់សម្រាប់សេដ្ចកិច្ចជាតិ។ ដូច្នេះ ខ្ញុំសូមឱ្យមានការជំរុញប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយបន្ថែមទៀត ទាំងក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន។»៕
