Phnom Kravanh Post

ក្តីបារម្ភថ្មី! WHO ប្រកាសថា ការផ្ទុះជំងឺអេបូឡា នៅ កុងហ្គោ គឺជា ភាពអាសន្នផ្នែកសុខាភិបាល អន្តរជាតិ

ស្របពេលពិភពលោក កំពុងបង្ហាញក្តីបារម្ភខ្លាំង និងតាមដានការយកចិត្តទុកដាក់បំផុតចំពោះ វីរុសហាន់តា ដែលឆ្លងរាលដាលដល់មនុស្សមួយចំនួនហើយនោះ ស្រាប់តែឥឡូវ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសដាក់ជំងឺអេបូឡា ដែលផ្ទុះឡើងនៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺជា ភាពអាសន្នផ្នែកសុខាភិបាលសាធារណអន្តរជាតិ (PHEIC)។

យោងតាមសេចក្តីប្រកាសរបស់ WHO ផ្សាយដោយ BBC កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ជំងឺអេបូឡា បានផ្ទុះខ្លាំងនៅខេត្ត Ituri ដោយបង្កការឆ្លង ២៤៦ករណី និងមានមនុស្សស្លាប់ដល់ទៅ ៨០នាក់។
 
យ៉ាងណាក៏ដោយ WHO អះអាងថា ស្ថានភាពបច្ចុប្បន្ន មិនទាន់ឈានដល់ការប្រកាសគ្រាអាសន្ន ជំងឺរាតត្បាតជាសកល នៅឡើយទេ។
 ការផ្ទុះអេបូឡានៅកុងហ្គោ ពិតជាធ្ងន់ធ្ងរ ពោលគឺវា ក៏រាលដាលដល់ប្រទេសជិតខាង ដូចជា អ៊ូហ្គង់ដា ផងដែរ មានទាំងករណីស្លាប់ ទៀតផង។ ដោយសារតែក្តីបារម្ភនេះហើយ ប្រទេសជិតខាងកុងហ្គោ ទាំងឡាយ សុទ្ធតែរឹតដ្បិតច្រកព្រំដែន និងដាក់ចេញនូវវិធានការតឹងរ៉ឹង ដើម្បីបង្ការករណីនាំចូល។

ទន្ទឹមនោះដែរ WHO បានជំរុញឲ្យកុងហ្គោ ​និងអ៊ូហ្គង់ដា ត្រូវអនុវត្តវិធីសាស្រ្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ខ្លួន ដើម្បីទប់ស្កាត់ស្ថានការណ៍អាក្រក់ណាមួយ ដែលអាចកើតឡើង។
 
សូមជម្រាបថា ជំងឺអេបូឡា ដែលផ្ទុះឡើងពេលនេះ គឺជាវីរុសប្រភេទថ្មី ឈ្មោះ Bundibugyo ពោលគឺ មិនមែនជាប្រភេទ Zaire ដែលធ្លាប់កើតមានពីមុនៗនោះទេ។
 
វាជាជំងឺឆ្លងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់ជីវិតយ៉ាងលឿន ដែលតែងតែលាក់ខ្លួន នៅក្នុងតំបន់ព្រៃទឹកភ្លៀងដ៏ធំធេងរបស់កុងហ្គោ ហើយវាអាចឆ្លងរាលដាល តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយរាងកាយរបស់អ្នកជំងឺ ដូចជា ឈាម ទឹកមាត់ ឬក្អួត សម្ភារៈដែលមានមេរោគ ឬការប៉ះពាល់សាកសពរបស់អ្នក ដែលបានស្លាប់ដោយសារជំងឺនេះ៕
 
ប្រភព៖ BBC


Previous Post Next Post